បទពិសោធន៍ផ្សំថ្នាំពុលពីរុក្ខជាតិកំចាត់ចៃ
និងដង្កូវខៀវ
លោកពូ មិញ ឈិន អាយុ ៥៥ ឆ្នាំ
រស់នៅភូមិពញាអង្គរ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។ គាត់មានបទពិសោធន៍ផ្សំថ្នាំពុលផ្សំពីរុក្ខជាតិ
ដែលអាចកំចាត់ចៃ និងដង្កូវខៀវបានជោគជ័យ ។ បទពិសោធន៍នេះគាត់ចេះពីលោក
រស់ ម៉ៅ រស់នៅភូមិចមពល
ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ
គួបផ្សំគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់ ។
ធាតុសំខាន់ៗ
ដែលគាត់ប្រើមាន:
- ផ្លែរាំងភ្នំ
១ ផ្លែ
- សំបកស្លែង
០,៥
គីឡូក្រាម
- សំបកស្តៅ
០,៥
គីឡូក្រាម
- ផ្លែស្លាក់
០,៥
គីឡូក្រាម
- ឫសនិងដើមថ្នាំជក់
០,៥
គីឡូក្រាម
- មើមស្លែងដងដឹង
០,៥
គីឡូក្រាម
- សំបកក្រសាំង
០,៥
គីឡូក្រាម
2. របៀបផ្សំ
គាត់បានយកផ្លែរាំងភ្នំ
ពុះជាពីរ ហើយធាតុផ្សំទៀតគាត់យកមកកាត់ជាកំណាត់តូចៗ
រួចដំបំបែក បន្ទាប់មកយកទៅចាក់ត្រាំក្នុងទឹក
៣០ លីត្រ ។ ពាងដែលត្រាំថ្នាំត្រូវគ្របឲ្យជិតរក្សាទុកនៅក្នុងម្លប់
។ រយៈពេល ១៥
ថ្ងៃ ក្រោយមកអាចយកប្រើបាន ។
3. ការប្រើប្រាស់
គាត់បានយកទឹកថ្នាំទៅប្រើលើសណ្តែកកួរ
ត្រសក់ ។ ចំពោះបរិមាណប្រើគាត់លាយទឹកថ្នាំ
១ លីត្រ ជាមួយទឹកធម្មតា ៤ លីត្រ
និងសាប៊ូ ១ ស្លាបព្រាបាយ ។
៤. ចំណាប់អារម្មណ៍
ក្រោយពីប្រើថ្នាំខាងលើនេះមក
គាត់មានចំណាប់អារម្មណ៍ថា
ថ្នាំនេះមានប្រសិទ្ធិភាពណាស់ ក្នុងការកំចាត់សត្វបំផ្លាញបន្លែ ពិសេស
គឺចៃ និងដង្កូវខៀវ ។ ចំពោះដំណាំវិញគាត់សង្កេតឃើញថា មានការលូតលាស់ល្អដើមស្លឹកធំៗ
និងមានរស់ជាតិឆ្ងាញ់ ។ មួយវិញទៀត
ការប្រើប្រាស់ថ្នាំផ្សំពីរុក្ខជាតិនេះ ជួយកាត់បន្ថយការចំណាយទៅលើការទិញថ្នាំពុលគីមី និងមិនប៉ះពាល់ដល់សុខភាពមនុស្ស
និងសត្វ ហើយថែមទាំងផ្តល់ជីជាតិដល់ដីទៀតផង
៕
បទពិសោធន៍ធ្វើស្រូវប្រពលវប្បកម្មតាមគោលការណ៍ធម្មជាតិ
(ប.វ.ស)
លោកអ៊ំ កុល ធី អាយុ ៦៤ ឆ្នាំ
ជាកសិករសហការជាមួយអង្គការ សេដាក
ចាប់តាំងពីឆ្នាំ២០០៥ មក ។ គាត់រស់នៅភូមិត្រពាំធំ
ឃុំត្រពាំសង្កែ ស្រុកកំពត ខេត្តកំពត ។ គាត់បានអនុវត្តន៍ ប.វ.ស
តាំងពីឆ្នាំ២០០៦ មកម្ល៉េះ
។ ក្នុងឆ្នាំ២០០៧ គាត់បានអនុវត្តលើផ្ទៃដី ២៦ អារ បានទទួលផល ១៧៦៨
គីឡូក្រាម ដែលខុសពីការធ្វើតាមទំលាប់បានទទួលតែ ៦៥០ គីឡូក្រាមប៉ុណ្ណោះ ។
ទាក់ទងទៅការកើនឡើងនៃទិន្នផលនេះ
លោកពូបានអនុវត្តនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម:
- រៀបចំថ្នាលសាបធ្វើដូចជា
រងស្ពៃ ដែលមានទទឹង ៥ ម៉ែត្រ និងបណ្តោយ ២០ ម៉ែត្រ និងមានប្រើជីកំប៉ុស្តិ
ព្រាចនៅលើរងផង
- សំអាតគ្រាប់ពូជ
ដោយត្រាំទឹកបណ្តែតយកគ្រាប់ស្ពៀតចេញ
បន្ទាប់មកត្រាំជាមួយទឹកស្លឹកស្តៅ និងបណ្តូលពេជ្រ ដើម្បីសម្លាប់មេរោគ
១ យប់ និង ផ្អាប់ ២ យប់ ទើបយកទៅសាប
- រៀបចំស្រែ
ដោយភ្ជួរដី កៀរឲ្យស្មើល្អ និងដាក់ជីកំប៉ុស្តទ្រាប់បាត
- ដកសំណាបខ្ចីអាយុ
១៨-២០ ថ្ងៃ ទៅស្ទូង ដោយរើសយកតែសំណាបណាដែលថ្លោសល្អ
- ទាញខ្សែស្ទូងត្រង់ជួរដែលមានចន្លោះគុម្ព
៣ តឹក (ការស្ទូងត្រង់ជួរងាយស្រួលដល់ក្នុងការធ្វើស្មៅ និងឲ្យស្រូវទទួលបានពន្លឺគ្រប់គ្រាន់)
- ស្ទូងសំណាប
១-២ ដើម ក្នុងមួយគុម្ព
- ដកសំណាបភ្លាមស្ទូងភ្លាមដោយមិនផ្អាប់ទុកយូរទេ
- ក្រោយពីស្ទូង
ហើយគាត់ឧស្សាហ៍ មើលថែទាំដូចជា ដកស្មៅ
បំផុសដីដើម្បីឲ្យដីធូរមានខ្យល់ចេញចូលគាត់រក្សាទឹកទុកតិចៗ នៅពេលដែលស្រូវកំពុងលូតលាស់
- បាចជីកំប៉ុស្តបំប៉នបន្ថែមនៅពេលស្រូវកំពុងលូតលាស់
និងបែកគុម្ព ។
ក្រោយពីបានអនុវត្តន៍តាមចំណុចខាងលើនេះហើយ លោកពូមានចំណាប់អារម្មណ៍ថា
ទិន្នផលស្រូវបានកើនឡើង
ព្រោះគាត់បានកែលំអតាមគោលការណ៍ប្រពលវប្បកម្មស្រូវតាមគោលការណ៍ ធម្មជាតិ
ប៉ុន្តែមិនបានគ្រប់ចំណុចទេ ។
ប៉ុន្តែទោះបីយ៉ាងណាក៏ទិន្នផលរបស់គាត់កើនឡើងទ្វេមួយជាពីរដែរ
។ លោកពូបន្ថែមទៀតថា
គោលការណ៍ ប.វ.ស នេះមានលក្ខណៈសាមញ្ញ
គាត់អាចធ្វើបានដោយមិនត្រូវការថវិកាច្រើនឡើយ ។ ប្រសិនបើកសិករគ្រប់គ្នាបានអនុវត្តន៍បច្ចេកទេសនេះ ពិតជាជួយលើកកំពស់ជីវភាពគ្រួសារបានមួយកំរិត
។ ទៅថ្ងៃមុខ គាត់នឹងខិតខំអនុវត្តបច្ចេកទេស
នេះឲ្យបានគ្រប់ចំណុច ដើម្បីទទួលបានទិន្នផលខ្ពស់ជាងនេះ ៕
you can contact number phone Tell; 012 80 72 72