Wednesday, March 23, 2016

ព្រះរាជជីវប្រវត្តិសង្ខេប ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ





ព្រះរាជជីវប្រវត្តិសង្ខេប
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ
ព្រះមហាវិរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី
និង ឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»

     ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវររាជបិតា
ឯករាជ្យ បូរណភាពទឹកដី និង​ឯកភាពជាតិខ្មែរ   «ព្រះបរមរតនកោដ្ឋ»    
ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ៍ ១១កើត  ខែកក្ដឹក ឆ្នាំច ចត្វស័ក  .ស២៤៦៥ ត្រូវនិងថ្ងៃទី៣១  ខែតុលា  ឆ្នាំ១៩២២  នៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា ។
    ព្រះអង្គជាព្រះរាជបុត្រទោលរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសុរាម្រិត និង សម្ដេចព្រះមហាកសត្រិយានី ស៊ីសុវត្ថិមុនីវង្ស កុសមៈនារីរតន៍ សិរីវឌ្ឃនា ។ ខាងខ្សែ
ព្រះមាតាព្រះអង្គជាព្រះរាជនត្តារបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម បើរាបតាមខ្សែព្រះបិតា ។
      ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលនៅសិក្សាសាលាបឋមសិក្សា ហ្រ្វ់ងស័រ បូឌូអ៊ីន (Francois Baundoin) និងវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ ។
បន្ទាប់មកព្រះអង្គបានយាងទៅបន្ដការសិក្សានៅវិទ្យាល័យបារាំង សាសលូឡូបា (Chasseloup Laubat )
នៅទីក្រុងព្រៃនគរ   «Saigon»   បច្ចុប្បន្នសាលាបឋមសិក្សា  ឡេ គ្វី ដូន  ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ។
      នៅថ្ងៃទី២៣ ខែមេសា ១៩៤១ ​      ក្រោយពីព្រះអយ្យកោ ព្រះករុណាព្រះបាទ​ ស៊ីសុវត្ថីមុនីវង្ស
ចូលព្រះទីវង្គត សម្ដេចព្រះនរោត្តម សីហនុ​ ដែលកាលនោះមានព្រះជន្ម១៨ព្រះវស្សាត្រូវបានក្រុមព្រឹក្សាព្រះរាជបល្ល័ង្គបានជ្រើសតាំង និងថ្វាយព្រះរាជាឋានៈព្រះអង្គជាព្រះមហាក្សត្រ នៃ
ព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គបានឡើងគ្រងរាជសម្បត្តិនៅថ្ងៃអង្គារ៍ ៩កើត ខែកក្ដឹក ឆ្នាំម្សាញ់ ត្រីស័ក ព.ស២៤៨៤ ត្រូវនិងថ្ងៃទី២៨  ខែតុលា ឆ្នាំ១៩៤១ ។ ខណៈនោះប្រទេសកម្ពុជាស្ថិតនៅក្រោមអាណានិគមនិយមបារាំង ។
      នៅឆ្នាំ ១៩៤៦ ព្រះអង្គបានយាងបំពេញ ព្រះរាជទស្សនកិច្ច ជាលើងដំបូងនៅប្រទេសបារាំង តាមការអញ្ជើញរបស់លោកប្រធានាធិបតី Felix Gouin និងបានជួបលោកឧត្តមសេនីយ៍ សាលដឺហ្គោល (Chaxle De Goulle) នៅ Colombey    នៅឆ្នាំ១៩៤៦  និង  ១៩៤៨   ព្រះបានបន្ដការសិក្សាជាន់ខ្ពស់នៅសាលាអនុវត្តទ័ពសេះ និង កងទ័ពរថពាសដែក សូមួរ (Saumur) ប្រទេសបារាំង ។
      ក្នុងឆ្នាំ ១៩៤៧    ព្រះអង្គបានទទួលមហាជោគជ័យក្នុងការទាមទារព្រះរាជាណាចក្រថៃឡង់ សងមកព្រះរាជាណាចក្រកម្ពុជាវិញជាដាច់ខាតនៅខេត្តខ្មែរ ដែលក្នុងពេលនោះចម្បាំង សកលលោកលើកទី២ ថៃឡង់បានយកពីកម្ពុជាទៅគឺខេត្ត បាត់ដំបង សៀមរាប កំពង់ធំ និង ស្ទឹងត្រែង ។
 ឆ្នាំ១៩៤៩ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ បានទាមទារឲ្យប្រទេសបារាំងបញ្ឈប់នូវសន្ធិសញ្ញាអាណាព្យាបាល ដែលចុះហត្ថលេខានៅឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤ ។  នៅឆ្នាំ១៩៤៩ ដដែលព្រះអង្គបានឡាយព្រះហស្ដលេខាសន្ធិសញ្ញាឯករាជ្យដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យ របស់ព្រះរាជាណាចក្រកម្ពុជា។សន្ធិសញ្ញាឆ្នាំ១៩៤៩នេះលុបចោលនូវសិន្ធិសញ្ញាអាណាព្យាបាលឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤ ។
ឆ្នាំ១៩៥២ដល់ឆ្នាំ១៩៥៣ ដោយព្រះអង្គឈ្វេងយល់ថាឯករាជ្យ ដែលប្រទេសបារាំងបានទទួលស្គាល់នៅឆ្នាំ ១៩៤៩ ពុំទាន់មានលក្ខណៈពេញបរិបូណ៍ ដូច្នេះទើបព្រះករុណាព្រះបាទសម្ដេច
ព្រះនរោត្តម សីហនុព្រះអង្គបានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារកេតនភ័ណ្ឌឯករាជ្យ ១០០% ជូនជាតិមាតុភូមិ ។
      នៅថ្ងៃទី៩    ខែវិច្ឆកា    ឆ្នាំ១៩៥៣    ដោយស្នាព្រះហស្ដដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ
ព្រះរាជាណាចក្រកម្ពុជាបានទទួលឯករាជ្យទាំងស្រុង      ពីសាធារណៈរដ្ឋបារាំង ។   ប្រជារាស្រ្ដកម្ពុជា
ទូទាំងប្រទេសសូមថ្វាយព្រះកិត្តិនាមព្រះអង្គជា«ព្រះមហាវិរបុរសជាតិ-ព្រះបិតាឯករាជ្យជាតិ»។
     នៅថ្ងៃ ព្រហស្បតិ៍ ១០កើត ខែផល្គុន​ ឆ្នាំមមី ឆស័ក​ ព.ស២៤៩៧ ត្រូវនិងថ្ងៃទី​០៣ ខែមីនា
ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះអង្គបានដាក់រាជ្យថ្វាយ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម​ សុរាម្រិត ជាព្រះរាជបិតា ។  ​​​​​​​               ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សុរាម្រិត ព្រះអង្គបានប្រទានចំពោះព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ​    នូវព្រះបរមងារជា «សម្ដេចព្រះឧបយុវរាជ នៃព្រះរាជាណាចក្រកម្ពុជា» ។
 នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះអង្គបានបង្កើតចលនាសង្គមរាស្រ្ដនិយមដែលមានគណបក្សជាច្រើនចូលរួមក្នុងចលនានោះ ។
       ពីថ្ងៃទី១៨ ​​ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៥៥   ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម   សីហនុ
ព្រះអង្គបានចូលរួមសន្និសីទកំបូល អហ្រ្វិក-អាស៊ី លើកទី១នៅក្រុងបាន់ឌុង (Bandung) ប្រទេសឥណ្ឌូនេស៊ី ហើយនៅទីនោះព្រះអង្គបានប្រកាសពីនយោបាយអធ្យាក្រឹត ក្នុងឯករាជទាំងស្រុង និង សិន្តិសហវិជ្ជមាននៃព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្ដាប្រទេសទាំងអស់ដោយមិនគិតពីមនោគមវិជ្ជាឡើយ ។
 ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ  បានទទួលមហាជោគជ័យក្នុងការបោះឆ្នោតរដ្ឋសភា ដោយបានទទួលការគាំទ្រពីប្រជារាស្រ្ដខ្មែរ ច្រើនលើសលប់។ព្រះអង្គបានទទួលព្រះរាជឋានៈ ជានាយករដ្ឋមន្រី្ត ហើយក្នុងព្រះឋានៈជាប្រមុខនៃប្រជារាស្រ្ដខ្មែរព្រះអង្គបានបំពេញព្រះរាជកិច្ចដឹកនាំ ដើម្បី អភិវឌ្ឃព្រះរាជាណាចក្រកម្ពុជាជាទូទៅ នៅក្នុងគ្រប់វិសយនៃការកសាងជាតិរបស់ព្រះអង្គ ជាពិសេសការលើកស្ទួយនារី ឲ្យមានសិទ្ធស្មើរភាពនិងបុរសក្នុងការងារ ។នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំរបស់  ព្រះករុណាព្រះបាទសម្ដេច
ព្រះនរោត្តម សីហនុ   ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការសហប្រជាជាតិ ។
      នៅខែកុម្ភៈ​ ឆ្នាំ១៩៥៦ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ក្នុងឋានៈជានាយករដ្ឋមន្រ្តី ព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិន​ និងបានជួបជាមួយថ្នាក់ដឹកនាំចិនជាច្រើនរូប​មាន ឯកឧត្តមម៉ៅសេនទុង​ (Mao Tse Tung) ជាដើម ។ ព្រះអង្គបានឡាយព្រះហស្ដលេខាលើសេចក្ដីប្រកាសរួមស្ដីពីមិត្តភាពកម្ពុជា-ចិន ។
      នៅឆ្នាំ១៩៦០   ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សុរាម្រិត  ទ្រង់សោយទិវង្គតពេលនោះ
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ត្រូវបានសមាជិករដ្ឋសភាខ្មែរ សម្រេចជាឯកច្ឆន្ទៈជ្រើសតាំងព្រះអង្គ ជាប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឋានៈនេះព្រះអង្គបានបន្ដការដឹកនាំប្រជារាស្រ្ដខ្មែរ ក្នុងព្រះរាជកិច្ចការកសាងជាតិមាតុភូមិយ៉ាងសកម្មជាទីបំផុត ។
 ចាប់ពីខែឧសភា  ឆ្នាំ១៩៦១ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គបំពេញព្រះរាជបេសកម្មនយោបាយការទូត និង  ផ្លូវច្បាប់ ដើម្បីទាមទារប្រសាទព្រះវិហារជាសម្បត្តិវប្បធម៌បេតិកភ័ណ្ឌជាតិខែ្មរពីប្រទេសថៃមកវិញ ដោយតុលាការក្រុង ឡាអេ (La Haye ) បានសម្រេចប្រគល់មកជូនព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
       នៅខែវិច្ឆិកា​  ឆ្នាំ១៩៦១  ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គបានយាងចូលរួម
ក្នុងសន្និសីទកំពុលលើកទី១  នៃចលនាមិនចូលបក្សសម្ព័ន្ធនៅ  បែលក្រាដ  (Belgrade)   នៃប្រទេស
យូហ្គោស្លារីដែលមាន២៩ប្រទេសចូលរួម ។ នៅទីនោះព្រះអង្គបានថ្កោលទោសចំពោះអំពើរបស់ពួកអាណនិគមនិយម ចក្រពត្តិនិយម និង ការប្រកាន់ពូជសាសន៍ ។
      នៅខែមិថុនា ឆ្នាំ១៩៦៤​ លោកឧត្តមសេនីយ៍ សាល ដឺ ហោ្គល (Charles De Gaulle) ប្រធានាធិតីនៃសាធារណរដ្ឋបារាំង បានរៀបចំបដិសណ្ឋារកិច្ចជាឱឡារឹក  ថ្វាយ ព្រះករុណាព្រះបាទសម្ដេច
ព្រះនរោត្តម សីហនុ​ នៅទីក្រុងប៉ារីស ។ លោកប្រធានាធិបតីបានទទួលដោយស្មោះសរនូវសំណើររបស់ភាគីកម្ពុជា ស្ដីពីការទទួលស្គាល់ អធ្យាក្រឹតភាព នៃព្រះរាជាណាចក្រកម្ពុជា ។
       ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ១៩៦៦ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងឱកាសព្រះរាជពិធីបើកនិងបិទការប្រគួតកីឡា GANEFO
 អាស៊ីលើទី១ នៅរាជធានីភ្នំពេញ ។
 ក្រោមព្រះរាជកិច្ចរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយមដែលប្រជារាស្រ្ដខ្មែរបានថ្វាយព្រះនាមព្រះអង្គថា «ព្រះបិតាឯរាជ្យជាតិ-សិក្សាធិការជាតិ-ព្រះបិតាកីឡាជាតិ-ព្រះបិតាស្ថាបនាជាតិ»។
     នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ​ ក្នុងពេលដែលព្រះអង្គកំពុងបំពេញព្រះរាជកិច្ចជាផ្លូវការនៅ
សហភាពសូវៀត ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ត្រូវបានទទួលរងគ្រោះដោយ
រដ្ឋប្រហាមិនស្របច្បាប់មួយនៅភ្នំពេញ  គឺជារដ្ឋប្រហាយោធាដែលមាន លន់ នល់ ជាមេក្លោង ។
សាធារណារដ្ឋខ្មែររបស់ លន់ នល់ ត្រូវបានបង្កើតឡើងនៅខែតុលាឆ្នាំ១៩៧០ ។
 នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គជាព្រះប្រធានចលនាតស៊ូកម្ពុជា «រណស្សិរួបរួមជាតិ» (FUNC) ព្រមជាមួយនោះក៏មានបង្កើតរាជរដ្ឋាភិបាលរូបរួមជាតិកម្ពុជា (GRUNK)
      ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥កងទ័ពប្រជាជនរំដោះជាតិនៃរណស្សិរួបរួមជាតិកម្ពុជា (FUNC) ដណ្ដើមបានជ័យជំនះទាំងស្រុងនៅកម្ពុជា  ។ «កម្ពុជាប្រជាធិបតេយ្យ» ត្រូវបានបង្កើតដែលមាន
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ជាព្រះប្រធាន ។ប៉ុន្ដែនៅ​ខែមេសា ឆ្នាំ១៩៧៦​
ព្រះអង្គបានសព្វព្រះហឫទ័យ លាលែងមុខងារជាព្រះប្រធាននៃកម្ពុជាប្រជាធិបតេយ្យនេះហើយត្រូវពួកខ្មែរក្រហមឃុំឃាំងព្រះអង្គ និង សម្ដេចព្រះមហាក្សត្រី ព្រះរាជមាតាជាតិខ្មែរ ព្រមទាំងធ្វើគុត ព្រះរាជបុត្រ បុត្រី មួយចំនួនផង ។
នៅឆ្នាំ១៩៨២ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ  ត្រូវបានជ្រើសតាំងជាព្រះប្រធានកម្ពុជាប្រជាធិបតេយ្យ ជាលើកទី២ ។
      ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩០ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គជាព្រះប្រធាននៃចលនាតស៊ូជាតិកម្ពុជា (CNR)
     ចាប់តាំងពីឆ្នាំ១៩៨៧  ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម​  សីហនុ ព្រះអង្គខិតខំអស់ពី
ព្រះកាយពល ដើម្បីបង្រួប បង្រួមភាគីជម្លោះកម្ពុជាទាំងអស់រិះរកនូវដំណោះស្រាយនយោបាយសមស្របបញ្ចប់ជម្លោះនូវកម្ពុជា ។ ព្រះអង្គតែងតែប្រទានចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី និង គណប្រតិភូនៃរដ្ឋកម្ពុជាចូលក្រាបថ្វាយបង្គំគាល់បន្ដបន្ទាប់នៅប្រទេសបារាំង ។
 នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ បានទទួលពីមេដឹកនាំនៃកម្ពុជាទាំង៤ភាគី ដើម្បីប្រកាសជាឱឡារឹកនូវក្រុងព្រឹក្សាជាតិជាន់ខ្ពស់ ហើយទទួលស្គាល់ការបញ្ឈប់ជាបណ្ដោះអាសន្ននូវការចាញ់គ្នា នៅប្រទេសកម្ពុជាទាំងមូលនិង បញ្ឈប់ការផ្ដល់ជំនួយយោធា«អាវុធ» ពីប្រទេសដ៏ទៃដល់កងទ័ពកម្ពុជាទាំង៤ភាគី ។ ទីក្រុងភ្នំពេញត្រូវបានជ្រើសដោយក្រុមព្រឹក្សាជាតិជាន់ខ្ពស់របស់កម្ពុជា (SNC) ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ជាទីស្នាក់ការផ្លូវការអចិន្រៃ្តយ៍ និង ជាលេខាធិការដ្ឋានក្រុមព្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា (SNC)
 នៅថ្ងៃទី១៧ កក្កដា ឆ្នាំ១៩៩១ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម​​​​​​​​​​​​​​​​​​​​​​​​​​​  សីហនុ ព្រះអង្គបានយាងចាក់ចេញពីប្រធានកម្ពុជាប្រជាធិបតេយ្យ និង ចលនាតស៊ូកម្ពុជា (CNR) ដើម្បីដាក់ព្រះកាយព្រះអង្គនៅលើភាគីនិងទស្សនៈនយោបាយកម្ពុជានានា ។​​​​​​​​​​​​​​​​​​​ ព្រះអង្គត្រូវបានសមាជិកទាំង១១​​​​​​ នៃក្រុមព្រឹក្សាជាតិជាន់ខ្ពស់ (SNC​​) ជ្រើសតាំងជាឯកច្ឆន្ទជាប្រធាន «អធ្យាក្រឹត»នៃក្រុមព្រឹក្សានេះ ។
      ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីសព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គបានឡាយព្រះហស្ដលេខា «លើកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា»  ជាមួយសមាជិកនៃក្រុមព្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា១១រូបទៀត ជាមួយដំណាង
រដ្ឋាភិបាល១៨ប្រទេសជាមួយលោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ។
     នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ១៩៩១  ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ យាងនិវត្តន៍
មកកាន់រាជធានីភ្នំពេញវិញ​ប្រកបដោយជោគជ័យ និង​សុវត្ថិភាព​។ ក្រោមពីមាតុភូមិនិវត្តន៍ របស់ព្រះអង្គរដ្ឋាភិបាលនៃរដ្ឋកម្ពុជាដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋម​ន្រី្ត និង សម្ដេចអគ្គមហាធម្មពោធិសាល ជាស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា គណបក្សហ៊ី្វន ស៊ីន ប៉ិច ដែលមានសម្ដេចក្រុមព្រះនរោត្តម  រណឫទ្ធិ  ជាប្រធានគណបក្សប្រធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ។ ដែលមានសម្ដេចបវរសេដ្ឋា សឺន សាន ជាប្រធានគណបក្ស និង ភាគីកម្ពុជាប្រជាធិបតេយ្យ ដែលមាន លោក ខៀវ សំផន ជាប្រធាន បានប្រកាសជាបន្ដបន្ទាប់ជាផ្លូវការ  និងជាលាយលក្ខណ៍អក្សរថា
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ  នៅតែជាប្រមុខរដ្ឋពេញលក្ខណៈច្បាប់ប្រទេស
នៃកម្ពុជាទាំងមូល        និងម៉្យាងទៀតព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម  សីហនុ
នៅតែរក្សាទុកតួនាទីជាប្រមុខរដ្ឋ រហូតដល់មានការបោះឆ្នោតនៅកម្ពុជាឆ្នាំ១៩៩៣ ។
  នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម  សីហនុ បានឡាយព្រះហស្ដលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញថ្មីនៃព្រះរាជាណាចក្រកម្ពុជា
ដែលសភាធម្មនុញ្ញកម្ពុជាបានអនុម័ត ។
      នៅថ្ងៃសុក្រ ៩កើត ខែភទ្របទឆ្នាំរកា បញ្ចស័ក ព.ស២៨៣៧ ត្រូវនិងថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ត្រូវបានក្រុមព្រឹក្សារាជសម្បត្តិជ្រើសតាំងជា
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
នៅថ្ងៃទី២៤ ខែកញ្ញា  ឆ្នាំ១៩៩៣​ មហាទិ្ទញ មហាជនមួយក៏ត្រូវបានរៀបចំឡើងដោយមានមហាជនយ៉ាងច្រើនកុះករចូលរួម  ដើម្បីសម្ដែងមនោសញ្ចេតនា អបអរ គាំទ្រ ស្វាគមន៍ ចំពោះ
រដ្ឋធម្មនុញ្ញថ្មី និងឋានៈព្រះអង្គជា «ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា» ។
           
 ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម  សីហនុ   ព្រះអង្គបានបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តមបំផុតក្នុងការបង្រួបបង្រួម 


ផ្សះផ្សាជាតិតាំងពីដើមរហូតមក ។     ព្រះអង្គបានធ្វើឲ្យចេញជារូបរាង រាជរដ្ឋាភិបាលចម្រុះដែលមានសហរដ្ឋមន្រ្តីនៅឆ្នាំ ១៩៩៣   ហើយជាពិសេសព្រះអង្គបានបំពេញ
ព្រះរាជកិច្ចធ្វើឲ្យថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និង គណបក្ស ហ៊ិ្វន ស៊ិន ប៉ិច ចុះហត្ថលេខាលើសេចក្ដីប្រកាសរួមអំពីគោលការណ៍ សហប្រត្តិការ ដែលបានសម្រេចក្នុងកិច្ចប្រជុំកំពូល ក្រោមព្រះរាជធិបតីភាពនៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅមហាប្រសាទខេមរិន្ទព្រះបរមរាជវាំង ថ្ងៃទី ១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ។  ប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា សូមថ្វាយព្រះអំណគុណរ
ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជកិច្ចព្រះតួនាទីដ៏ឧត្តុង្គឧត្តមនេះ ។
     នៅថ្ងៃ១៥កើត ពេញបូរមី ខែមិគសិរ ឆ្នាំមមី ចត្វាស័ក ព.ស ២៥៤៦ ត្រូវនិងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០២ ព្រះអង្គបានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីដង្ហែរ ព្រះសារីរិកធាតុពីសក្យមុនីចេតីយ៍មុខសា្ថនីយ៍ រាជយស្ម័យយានរាជធានីភ្នំពេញ ឆ្ពោះទៅព្រះមហាសក្យមុនីចេតិយថ្មី នៅភ្នំអដ្ឋរស្ស
ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ទៅតាមព្រះរាជតម្រិះរបស់ព្រះអង្គ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩១នៅក្នុងឱកាសមហាមិទ្ទិញ នៅមុខព្រះបរមរាជវាំង ។
 នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១១ ព្រះករុណាព្រះមហាវិរក្សត្រព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពុងបំផុតព្រះអង្គយាងជាព្រះរាជធិបតីភាព ក្នុងអង្គមហាមេទិទ្ទិញ មហាជន អបអរ សាទរ ព្រះរាជពីធីបុណ្យថ្វាយ ព្រះពរនិងចំរើនព្រះជន្មយាងចូល ៩០ ព្រះវស្សានិងខួបលើកទី២០ឆ្នាំ នៃការយាងធ្វើមាតុភូមិនិវត្តន៍ មកកាន់កម្ពុជានៅខាងមុខព្រះទីនាំងឆន្ទឆាយា  មុខព្រះបរមរាជវាំងដែលជាការបង្ហាញព្រះភក្រចុងក្រោយចំពោះកូនចៅចៅទួតចៅលួតរបស់ព្រះអង្គ ។ នៅក្នុងឱកាសដ៏មហោឡារឹកនោះ ព្រះករុណាព្រះមហាវិរក្សត្រ ព្រះអង្គមានព្រះរាជឱង្ការដ៏ខ្ពង់ខ្ពស់ដែលជាព្រះរាជបណ្ដាំងចុងក្រោយបង្អស់របស់ព្រះអង្គថា ព្រះអង្គឈប់យាងចេញទៅបរទេស ឆ្ងាយពីប្រជារាស្ត្រកម្ពុជា ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គទៀតហើយ ព្រះអង្គនិងគង់ប្រថាប់ជាដរាប នៅជាមួយប្រជារាស្រ្តជាកូនចៅ ចៅទួត ចៅលួត សាមគ្គីជាធ្លុងមួយ រួមរស់ជាមួយគ្នា ដោយមានសម្ដេច ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ដែលបង្ហាញឲ្យពិភពលោកឃើញថា យើងរួបរួមគ្នាល្អណាស់ ។
ព្រះករុណាព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះរាជបន្ទូលបញ្ជាក់ហើយ  បញ្ជាក់ទៀតថាព្រះអង្គបានសម្រេចជាស្ថាពរថា មិនចេញពីប្រទេសទេ គឺស្ថិតនៅជាដរាបជាមួយបងប្អូនកូនចៅ នៅក្នុងប្រទេសកម្ពុជាយើង ។
           ព្រះរាជសកម្មភាពដ៏ថ្លៃថ្លាខាងលើនេះបានបង្ហាញឲ្យឃើញនូវសច្ចធម៌ នៃទសពិតរាជធម៌របស់ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ  ជាទីសកា្ករៈ  ដែលព្រះអង្គបានប្រោសព្រះរាជទានដល់ប្រជារាស្ដ្រកម្ពុជា ដោយមិនប្រកាន់ជាតិកំណើត ជំនឿសាសនាព៌ណសម្បុរឡើយ  ។ ដោយសារសច្ចភាពនេះហើយ ទើបគ្រប់គណៈបក្សនយោបាយ និង ប្រជារាស្ដ្រទូទាំងប្រទេសបានគាំទ្រដោយឥតសំចៃព្រះអង្គចំពោះការយាងគ្រងរាជសម្បត្តិសារជាថ្មី  នៅឆ្នាំ១៩៩៣  ហើយដែល
ពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ដពិភពលោកកន្លងមក ។ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គជា មហាពុទ្ធសាសនូបត្ថម្ភកៈដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុតជ្រះថ្លា នឹង ព្រះពុទ្ធសាសនា ប្រតិបត្តិតាមព្រះពុទ្ធោវាទដោយសទ្ធាបរិសុទ្ធក្នុងព្រះទ័យស្ថានារក្សការពារស្រឡាញ់សន្តិភាព សេចក្ដីសុខស្ងប់ដ៏បរិសុទ្ធ និងវិបុលភាពជូនមាតុភូមិ និងប្រជាជនកម្ពុជា ។ ដោយហេតុនេះហើយ បានជាពីកាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ សន្និសីទកំពុល នៃព្រះពុទ្ធសាសនាពិភពលោក ដែលមានព្រះតេជគុណបណ្ឌិត Most Ven. Dr Kyuse English ជាប្រធាន មានទីស្ដីការនៅប្រទេសជប៉ុនបានថា្វយព្រះបរមងារព្រះអង្គជា «ព្រះរាជឧត្តមបិតានៃព្រះពុទ្ធសាសនិកបិភពលោក» (Supreme Royal Father Of The World Buddhism) ។នៅថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនិងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១:២០នាទី រំលងអាធា្រតព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះអង្គបានយាងចូលព្រះទិវង្គតដោយព្រះជរាពាធក្នុង
ព្រះជន្មាយុ ៩០ ព្រះវស្សា នៅមន្ទីពេទ្យទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន ។
នៅថ្ងៃ ២កើត ខែអស្សុជ ត្រូវនិងថ្ងៃទី១៧ ខែឆ្នាំដដែលព្រះបរមសពត្រូវបានដង្ហែរមកកាន់មាតុប្រទេសវិញ តាមព្រះទីនាំងយន្តហោះពិសេស ។ ក្បូនរាជរថដង្ហែរព្រះបរមសពពីប្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់ព្រះបរមរាជវាំង ដោយមានប្រជាជនប្រមាណ ១២០ ម៉ឺននាក់ចូលរួមកាន់ព្រះរាជមរណទុក្ខទទួលព្រះបរមសពនៅតាមដងវិថីនានា ។
              នៅថ្ងៃ ១១រោច ខែអស្សុជ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនិងថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១២  វេលាម៉ោង ១៣:០០ សម្ដេចមហាសង្ឃរាជទាំងពីរគណៈ និងសម្ដេចព្រះសង្ឃ១០ព្រះអង្គ បានប្រជុំថ្វាយព្រះបរមបច្ឆាមរណនាមជា«ព្រះបរមរតនកោដ្ឋ» ថ្វាយព្រះរាជបរមសពព្រះករុណាព្រះមហាវិរក្សត្រ ។ ព្រះករុណាជាម្ចាស់ ជីវិតលើត្បូង បានសព្វព្រះរាជហឫទ័យឡាយព្រះរាជក្រឹតថ្វាយព្រះបរមបច្ឆាមរណនាមនេះនៅក្នុងថ្ងៃដដែល ។
    នៅថ្ងៃ ១៥កើតពេញបូរណ៍មី ខែកក្ដឹក   ឆ្នាំរោងត្រូវនិងថ្ងៃទី១៨  ខែវិច្ឆិកា ២០១២ ក្រោមព្រះអធិបតីភាពរបស់ព្រះករុណាជាម្ចាស់ជីវិតលើក្បូង និងសម្ដេចព្រះសង្ឃ១០ព្រះអង្គដោយមានការអញ្ជើញចូលរួមរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល បានប្រារព្ធព្រះរាជពិធីថ្វាយជាផ្លូវការ ចំពោះព្រះបរមសពនូវ ព្រះបរមបច្ឆាមរណនាមជា«ព្រះបរមរតនកោដ្ឋ» ។
          ប្រការដែលគួរឲ្យកត់សំគាល់នោះគឺព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ
ព្រះអង្គបានប្រសូត្រ (ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២) បានឡើងគ្រងរាជសម្បតិ្ត (លើទី១ ថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៣១) និងបានយាងចូលព្រះទិវង្គត (ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២) នៅក្នុងខែតែមួយគឺខែតុលា ខុសថ្ងៃឆ្នាំប៉ុណ្ណោះ ។
ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះអង្គជាមហាវីរក្សត្រដ៏ឆ្នើមបំផុតក្នុងមួយព្រះជន្មវស្សាព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណក្នុងព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម
ថែរក្សាបូរណភាពទឹកដី  កាពរពារព្រះនគរទ្រទ្រង់ព្រះសាសនាឲ្យបានគង់វង្ស និងរីកចំរើនរុងរឿងសម្បូណ៏សប្បាយ មានករ្ដី័ឈ្មោះប្បីរន្ទឺសុសសាយទូទាំងពិភពលោក តាំងពីដើមរហូតមកដល់បច្ចុប្បន្នកាល ។
សមិទ្ធផលសំខាន់ៗ
នៅក្នុងសម័យ សង្គមរាស្រ្តនិយម

ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ ​ ក្នុងនោះមានវីស័យ អប់រំជាតិ-វិស័យសុខាភិបាលសាធារណៈ
វិស័យកសិកម្ម-វិស័យឧស្សាហកម្ម-វិស័យ អគ្គិសនី និងផ្លូវគមនាគមន៍ ស្ពានព្រលានយន្តហោះកំពង់ផែ រហូតប្រជារស្រ្ដបានថ្វាយព្រះបរមនាមព្រះអង្គថាជា «ព្រះបិតាឯករាជ្យ  ព្រះបិតាសិក្សាធិការជាតិព្រះបិតាសុខាភិបាលជាតិ ព្រះបិតាស្ថាបនាជាតិ តាមរយៈសមិទ្ធផលធំៗ ដែលត្រូវបានកសាងឡើង និងប្រារព្ធព្រះរាជពិធីសម្ភធជាបន្តតបន្ទាប់ ។​
                              សមិទ្ធផលទាំងនោះមានដូចជា៖
           -វិនាមឯករាជ្យ
           -វិមានរដ្ឋចំការមន (បច្ចុប្បន្នព្រឹទ្ធសភា)
              -ចំណតអាកាសយានដ្ឋាន អន្តរជាតិពោធិ៍ចិនតុង (បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
           -ចំណតអាកាសយានដ្ឋាន សៀមរាប
           -ចំណតអាកាសយានដ្ឋាន បែកចាន (ខេត្តបាត់ដំបង)
           -ផ្លូវជាតិលេខ ៤ភ្នំពេញ-ក្រុងព្រះសីហនុ
           -ផ្លូវដែកក្រុងភ្នំពេញ-ក្រុងព្រះសីហនុ
           -កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
           -សណ្ឋាគារ «ឯករាជ្យ»ក្រុងព្រះសីហនុ
           -សាលមហោស្រពជាតិ«ព្រះសុរាម្រិត»ភ្នំពេញ
           -សាលសន្និសីទ «ចតុមុខ»
           -ពហុកីឡាដ្ឋានជាតិអូឡាំពិកភ្នំពេញ
           -ស្ពានព្រះមុនីវង្សទី២
           -ស្ពានសង្គមរាស្រ្តនិយមឆ្លងកាតទន្លេសាប
           -សាកលវិទ្យាល័យ «សង្គមរាស្រ្ដនិយម »ភ្នំពេញ
           -សាកលវិទ្យាល័យ ភូមិន្ទបច្ចេកទេស
           -សាលាភូមិន្ទរដ្ឋបាល
           -មហាវិទ្យាល័យនិតិសាស្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
           -មហាវិទ្យាល័យគរុកោសល
           -ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ
           -មហាវិទ្យាល័យ​ សិល្បៈ ស្ថាបនា
           -មហាវិទ្យាល័យ សិល្បៈ និង មុខរបរ
           -សាកលវិទ្យាល័យ ភូមិន្ទវិចត្រ សិល្បៈ
           -សាកលវិទ្យល័យ ភូមិន្ទកំពង់ចាម
           -សាកលវិទ្យាល័យ ភូមិន្ទបាត់ដំបង
           -សាកលវិទ្យាល័យ ភូមិន្ទ តាកេវ-កំពត
           -រោងភាពយន្ដរដ្ឋ
           -ស្ថានីយ៍ទូរទស្សន៍ខេមរភូមិន្ទ
           -មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត
           -រោងចក្រចម្រាញ់ប្រេងកាតក្រុងព្រះសីហនុ
           -រោងចក្រស្រាបៀរក្រុងព្រះសីហនុ
           -រោងចក្រព្រះនរោត្តម ដំឡើងត្រាក់ទ័រ និង រថយន្តធំក្រុងព្រះសីហនុ
           -រោងចក្រស្ករស កំពង់ត្រាំ ខេត្តកំពង់ស្ពឺ
           -រោងចក្រវាយនភណ្ឌ ខេត្តកំពង់ចាម
           -រោងចក្រវាយនភណ្ឌ ខេត្តបាត់ដំបង
           -រោងចក្របាវក្រចៅ ដូនទាវ ខេត្តបាត់ដំបង
           -រោងចក្រស៊ីម៉ងត៍ចក្រីទីង ខេត្តកំពត
           -រោងចក្រកែវជើងឯក រាជធានីភ្នំពេញ
           -រោងចក្រក្ដរបន្ទះដីឥដ្ឋ ខេត្តកណ្ដាល
           -ចក្រក្រដាស ធ្លូង ខេត្តក្រចេះ
           -រោងចក្រ ជីផូស្វាត ទូកមាស ខេត្តកំពត
           -រោងចក្រកង់ឡានតាខ្មៅ ខេត្តកណ្ដាល
           -រោងចក្រត្រីខប្រអប់ ខេត្តកោះកុង
           -រោងចក្រ ផលិតជ័រកៅសស៊ូជប់ ខេត្តកំពង់ចាម
រោងចក្រវារីអគ្គិសនី គិរីរម្យ ខេត្តកំពង់ស្ពឺ ។ និង សមិទ្ធផលនានាជាច្រើនទៀតនៅតាមបណ្ដលស្រុកខេត្តក្រុងដូចជាសាលារៀន មន្ទីពេទ្យ ទំនប់ទឹក ស្រះទឹក ប្រឡាយទឹក ផ្លូវថ្នល់ ស្ពានជាដើម ។ ល ។


ព្រះរាជសកម្មភាព
សម្ដេចឪ នៅក្នុងវិស័យភាពយន្ដ បទភ្លេង និងទំនុបច្រៀង

វិស័យភាពយន្ដ
           ក្រៅពីកិច្ចការនយោបាយ និង សង្គមកិច្ច ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ
ក៏ត្រូវបានកូនចៅ របស់ព្រះអង្គ ចាត់ទុកជាព្រះមគ្គុទេសក៍ ផ្នែកសិល្បៈដ៏ឆ្នើមផងដែរ ពោលគឺ
ព្រះរាជសកម្មភាព របស់ព្រះអង្គក្នុងវិស័យមួយនេះ មានតាំងពីសម័យសង្គមរាស្រ្តនិយមរហូតដល់សម័យបច្ចុប្បន្ន ។
           យោងតាមឯសារសាសនាជាពិសេសគេហទំព័រផ្ទាល់របស់ព្រះអង្គ(www.norodomsihanok.onfo) ខ្សែភាពយន្តទាំងខ្នាតខ្លីទាំងខ្នាតវែង និង ភាពយន្ដឯកសារដែលជាព្រះរាជនិពន្ធ និង ដឹកនាំដោយព្រះអង្គផ្ទាល់មានចំនួនជាង ៨០ រឿង ។ រឿង មួយចំនួនត្រូវបានទទួលស្គាល់ជាអន្តរជាតិ តាមរយៈការចូលរួមក្នុងមហោស្រពភាពយន្ដនានា ។
           កាលពីឆ្នាំ២០០៧ ក្រុមអ្នករៀបចំទិវាភាពយន្ដឯករាជ្យអន្ដរជាតិ នៅទីក្រុងប៊្រុច សែល
បានផ្ដល់ពានរង្វាន់ដល់ព្រះអង្គ « Lifetime Achievement Award »។
           
 ព្រះវររាជបិតាធ្លាប់លើកឡើងថា ស្នាព្រះហស្ដភាពយន្ដរបស់ព្រះអង្គគឺបង្ហាញ ពីក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គចំពោះប្រទសជាតិនិងប្រជារាស្រ្ដ ។ ភាពយន្ដភាគច្រើននិយាយប្រវត្តិ អតីកាល ឬ បច្ចុប្បន្ន ទំនៀមទំលាប់ប្រពៃណី សីលធម៌ វិថីជីវិត ភាពសប្បាយនិងទុក្ខសោក របស់ប្រជាជនកម្ពុជា ។
           
 ខាងក្រោមនេះ គឺជាចំណងជើង នៃភាពយន្ដមួយចំនួនរបស់ព្រះអង្គ ហើយរឿងមួយចំនួនត្រូវបានសម្ដេងផ្ទាល់ដោយព្រះអង្គផ្ទាល់ផងដែរ ។
          
           -អប្សរា (១៩៦៦)
           -ព្រៃប្រសិទ្ធិ (១៩៦៦)
           -ប្រជាកុមារ (១៩៦៧)
           -សិទ្ធិប្រកាស (១៩៦៨)
           -រស់ដោយសប្បាយ (១៩៦៨)
           -កុលាបបូកគោ (១៩៦៩)
           -វាសនាអកុសល (១៩៦៩)
           -My Vilage of Dusk (១៩៩២)
           -Un Cresus Sauveteur De Femmes Pauvers (១៩៩៣)
           -Un Peasant Man And Woman In Distress (១៩៩៤)
           -Fatalite (១៩៩៤)
           -Revoir Angkor ET Mourir (១៩៩៤)
           -ទុក្ខភ័យ កែមនិងនិត (១៩៩៤)
           -An Ambition Reduced To Ashes (១៩៩៥)
           -Buddha Dhamma Sangha The Only heaven (១៩៩៥)
           -Heir Of A Defeated Secessionist (១៩៩៥)
              -The Last Day of Colonel Savath (១៩៩៦)
           -An Apostle of Non Violence (១៩៩៧)
           -Le CID Khmer (មករា ២០០៥) និងខ្សែភាពយន្ដជាច្រើនទៀត ។


បទភ្លេងនិងទំនុបច្រៀង

          បទចំរៀង និងបទភ្លេងដែលជាព្រះរាជនិពន្ធ របស់សម្ដេចឪភាគច្រើនបង្ហាញអារម្មណ៍ដ៏ជ្រាលជ្រៅចំពោះសេចក្ដីសេ្នសហ្ហា ការនឹករឭកចំពោះទីកន្លែងនិងទេសភាពនានា ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងទីកន្លែងនានាដែលព្រះអង្គធ្លាប់គង់នៅ ។
           ខាងក្រោមនេះគ្រាន់តែជាចំណងជើងនៃបទចំរៀងដែលក្រុមការងារយើងដកស្រង់ចេញពីគេហទំព័រ Norodomsihanouk.info តែប៉ុណ្ណោះ ហើយបទចម្រៀងភាគច្រើនមានការបញ្ចេញសូរសៀងដោយសម្ដេចព្រះវររាជបិតាផ្ទាល់តែម្ដង ។
                      
                       -មូនីកា                                    -ជំនោរវិច្ឆិកា
                       -កុលាបភ្នំពេញ                         -អប្សរា
                       -ព្រៃប្រសិទ្ធិ                              -គោថាវរី
                       -កែវស្នេហា                              -កម្មបងពុំបានដូចចិន្តា
                       -ទីកែប                                    -រាត្រីដែលបានជួបភក្រ
                       -បួងសួងក្នុងពេលរាត្រី                -Revoir Java
                       -ចូលឆ្នាំថ្មី                                -បុប្ផាវៀងចន្ទន៍
                       -សែន ស្ដាយ                            -ផ្កាយស្នេហា
                       -តម្អូញ                                    -សកវាទ៍
                       -ឡកឡើយ                              -យប់ត្រជាក់
                       -ភ្នំពេញ                                   -ហ្លូងព្រះបាទ
                       -ភ្នំគូលេន                                -ស្រណោះស្រុកចិន
                       -ស្នេហា                                   -អគុណផ្លូវ ហូជីមិញ
                       -ស្នេហាមានសង្ឃឹម                   -Ne vous Moquez Pas de men Amour
                       -លាហើយកម្ពុជា
        ជាចុងក្រោយនេះយើងខ្ញុំទាំងអស់គ្នាជានិស្សិត           នៃសាកលវិទ្យាល័យបៀលប្រាយ
( Build Bright University )      សូមធ្វើនូវអភ័យកាថា   នូវរាល់ការរៀបរៀងរបស់ក្រុមនិស្សិតយើងខ្ញុំ
នូវមានចំណុចខ្វះខាត់ទាំងចំណេះដឹងទាំងរបៀបរៀបរៀង ឬ រចនាបថ នូវមានការកង្វះខាត់ផ្នែក់បច្ចេកទេស (Microsoft Word) សូមមេតា្តខន្តី អភ័យ អនុគ្រោះ នូវរាល់កំហុសឆ្គងដែលពុំមែនជាចេតនា ឬ មានបំណងធ្វើឲ្យខុសឡើយ ដូច្នេះក្រុមនិស្សិតយើងខ្ញុំ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា
ការរៀបរៀងនូវ «ព្រះរាជជីវប្រវត្តិសង្ខេប ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ»
«ព្រះបរមរតនកោដ្ឋ» និងបានជាចំណេះដឹងទូទៅដល់បច្ឆាជនខាងក្រោយ ក្នុងនាមជាប្រជារាស្ដ្ររបស់ព្រះអង្គ ជាកូនចៅ ចៅទួត របស់ព្រះអង្គ តែងតែនឹករលឹកនូវស្នាប្រហស្ដដ៏ថ្លៃថ្លា ចំពោះជាតិមាតុភូមិកម្ពុជាយើង ។ ដែលព្រះអង្គបានបន្សល់ទុកនូវព្រះកិត្តិនាមដ៏ល្បីរន្ទឺរសុសសាយទូទាំងពិភពលោក ។