Monday, August 29, 2016

បទពិសោធន៍ផ្សំថ្នាំពុលពីរុក្ខជាតិកំចាត់ចៃ និងដង្កូវខៀវ

បទពិសោធន៍​ផ្សំ​ថ្នាំពុល​ពី​រុក្ខជាតិ​កំចាត់​ចៃ និង​ដង្កូវ​ខៀវ​
លោកពូ មិញ ឈិន អាយុ ៥៥ ឆ្នាំ រស់នៅ​ភូមិ​ពញា​អង្គរ ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត ។ គាត់​មាន​បទពិសោធន៍​ផ្សំ​ថ្នាំពុល​ផ្សំ​ពី​រុក្ខជាតិ​ ដែល​អាច​កំចាត់​ចៃ និង​ដង្កូវ​ខៀវ​បាន​ជោគជ័យ ។ បទពិសោធន៍​នេះ​គាត់​ចេះ​ពី​លោក រស់​ ម៉ៅ រស់នៅ​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ គួបផ្សំ​គំនិត​ច្នៃប្រឌិត​របស់​គាត់​ផ្ទាល់ ។​
1. ​ធាតុ​ផ្សំ
​ធាតុ​សំខាន់ៗ ដែល​គាត់​ប្រើ​មាន​:
​ ​- ផ្លែ​រាំងភ្នំ ១ ផ្លែ​
​ ​- សំបក​ស្លែង ០,៥ គីឡូក្រាម​
​ ​- សំបក​ស្តៅ ០,៥ គីឡូក្រាម​
​ ​- ផ្លែ​ស្លាក់ ០,៥ គីឡូក្រាម​
​ ​- ឫស​និង​ដើម​ថ្នាំជក់ ០,៥ គីឡូក្រាម​
​ ​- មើម​ស្លែងដងដឹង ០,៥ គីឡូក្រាម​
​ ​- សំបក​ក្រសាំង ០,៥ គីឡូក្រាម​
2. ​របៀប​ផ្សំ​
​គាត់​បាន​យក​ផ្លែ​រាំងភ្នំ ពុះ​ជា​ពីរ ហើយ​ធាតុ​ផ្សំ​ទៀត​គាត់​យក​មក​កាត់​ជា​កំណាត់​តូចៗ រួច​ដំ​បំបែក បន្ទាប់មក​យក​ទៅ​ចាក់​ត្រាំ​ក្នុង​ទឹក ៣០ លីត្រ ។ ពាង​ដែល​ត្រាំ​ថ្នាំ​ត្រូវ​គ្រប​ឲ្យ​ជិត​រក្សាទុក​នៅក្នុង​ម្លប់ ។ រយៈពេល ១៥ ថ្ងៃ ក្រោយ​មក​អាច​យក​ប្រើ​បាន ។​
3. ​ការប្រើប្រាស់​
​គាត់​បាន​យក​ទឹក​ថ្នាំ​ទៅប្រើ​លើ​សណ្តែកកួរ ត្រសក់ ។ ចំពោះ​បរិមាណ​ប្រើ​គាត់​លាយ​ទឹក​ថ្នាំ ១ លីត្រ ជាមួយ​ទឹក​ធម្មតា ៤ លីត្រ និង​សាប៊ូ ១ ស្លាបព្រា​បាយ ។​
៤. ​ចំណាប់អារម្មណ៍​
​ក្រោយ​ពី​ប្រើ​ថ្នាំ​ខាងលើនេះ​មក គាត់​មាន​ចំណាប់​អារម្មណ៍​ថា ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាព​ណាស់​ ក្នុង​ការ​កំចាត់​សត្វ​បំផ្លាញ​បន្លែ ពិសេស គឺ​ចៃ និង​ដង្កូវ​ខៀវ ។ ចំពោះ​ដំណាំ​វិញ​គា​ត់សង្កេតឃើញថា មាន​ការលូតលាស់​ល្អ​ដើម​ស្លឹក​ធំៗ និង​មាន​រស់ជាតិ​ឆ្ងាញ់ ។ មួយវិញទៀត ការប្រើប្រាស់​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​នេះ ជួយ​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការទិញ​ថ្នាំពុល​គីមី និង​មិន​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​សត្វ ហើយ​ថែមទាំង​ផ្តល់​ជីជាតិ​ដល់​ដី​ទៀតផង ៕
បទពិសោធន៍​ធ្វើ​ស្រូវ​ប្រពលវប្បកម្ម​តាម​គោលការណ៍​ធម្មជាតិ (​ប​.​វ​.​ស​)
​លោក​អ៊ំ កុល ធី អាយុ ៦៤ ឆ្នាំ ជា​កសិករ​សហការ​ជាមួយ​អង្គការ សេ​ដាក ចាប់តាំងពី​ឆ្នាំ​២០០៥ មក ។ គាត់​រស់នៅ​ភូមិ​ត្រ​ពាំ​ធំ ឃុំ​ត្រ​ពាំ​សង្កែ ស្រុក​កំពត ខេត្ត​កំពត ។ គាត់​បាន​អនុវត្តន៍ ប​.​វ​.​ស តាំងពីឆ្នាំ២០០៦ មកម្ល៉េះ ។ ក្នុងឆ្នាំ២០០៧ គាត់បានអនុវត្តលើ​ផ្ទៃដី ២៦ អារ បាន​ទទួល​ផល ១៧៦៨ គីឡូក្រាម ដែ​ល​ខុស​ពី​ការ​ធ្វើ​តាម​ទំលាប់​បានទទួល​តែ ៦៥០ គីឡូក្រាម​ប៉ុណ្ណោះ ។
​​ ​ទាក់ទង​ទៅ​ការកើនឡើង​នៃ​ទិន្នផល​នេះ លោកពូ​បាន​អនុវត្តនូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម​:
​ ​- រៀបចំ​ថ្នាល​សាប​ធ្វើ​ដូចជា រង​ស្ពៃ ដែល​មាន​ទទឹង ៥ ម៉ែត្រ និង​បណ្តោយ ២០ ម៉ែត្រ និង​មានប្រើ​ជីកំប៉ុស្តិ ព្រាច​នៅលើ​រង​ផង
​ ​- សំអាត​គ្រាប់ពូជ ដោយ​ត្រាំ​ទឹក​បណ្តែត​យក​គ្រាប់​ស្ពៀត​ចេញ បន្ទាប់​មក​ត្រាំ​ជាមួយ​ទឹក​ស្លឹក​ស្តៅ និង​បណ្តូល​ពេជ្រ ដើម្បី​សម្លាប់​មេរោគ ១ យប់ និង ផ្អាប់ ២ យប់ ទើប​យក​ទៅ​សាប
​ ​- រៀបចំ​ស្រែ ដោយ​ភ្ជួរ​ដី កៀរ​ឲ្យ​ស្មើ​ល្អ និង​ដាក់​ជីកំប៉ុស្ត​ទ្រាប់បាត ​
​ ​- ដកសំណាប​ខ្ចី​អាយុ ១៨-២០ ថ្ងៃ ទៅ​ស្ទូង ដោយ​រើស​យក​តែ​សំណាបណាដែល​ថ្លោស​ល្អ​
​ ​- ទាញ​ខ្សែ​ស្ទូង​ត្រង់​ជួរ​ដែល​មាន​ចន្លោះ​គុម្ព ៣ តឹក (​ការ​ស្ទូង​ត្រង់​ជួរ​ងាយស្រួល​ដល់​ក្នុងការ​ធ្វើ​ស្មៅ និង​ឲ្យ​ស្រូវ​ទទួលបាន​ពន្លឺ​គ្រប់គ្រាន់​)
​ ​- ស្ទូង​សំណាប ១-២ ដើម ក្នុង​មួយ​គុម្ព​
​ ​- ដកសំណាប​ភ្លាម​ស្ទូង​ភ្លាម​ដោយ​មិន​ផ្អាប់​ទុក​យូរ​ទេ​
​ ​- ក្រោយ​ពី​ស្ទូង ហើយ​គាត់​ឧស្សាហ៍ មើលថែទាំ​ដូចជា ដក​ស្មៅ បំផុសដី​ដើម្បី​ឲ្យ​ដី​ធូរ​មាន​ខ្យល់​ចេញចូល​គាត់​រក្សា​ទឹក​ទុក​តិចៗ នៅពេល​ដែល​ស្រូវ​កំពុង​លូតលាស់​
​ ​- បាច​ជីកំប៉ុស្ត​បំប៉​នបន្ថែម​នៅ​ពេល​ស្រូវ​កំពុង​លូតលាស់ និង​បែក​គុម្ព ។​

​ក្រោយពី​បាន​អនុវត្តន៍​តាម​ចំណុច​ខាងលើ​នេះ​ហើយ លោកពូ​មាន​ចំណាប់​អារម្មណ៍​ថា ទិន្នផល​ស្រូវ​បាន​កើនឡើង ព្រោះ​គាត់​បាន​កែលំអ​តាម​គោលការណ៍​ប្រពលវប្បកម្ម​ស្រូវ​តាម​គោលការណ៍​ ធម្មជាតិ ប៉ុន្តែ​មិន​បាន​គ្រប់​ចំណុច​ទេ ។ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ទិន្នផល​របស់គាត់​កើនឡើង​ទ្វេ​មួយ​ជា​ពីរ​ដែរ ។ លោកពូ​បន្ថែមទៀតថា គោលការណ៍ ប​.​វ​.​ស នេះ​មាន​លក្ខណៈសាមញ្ញ គាត់​អាច​ធ្វើបាន​ដោយ​មិន​ត្រូវការ​ថវិកា​ច្រើន​ឡើយ ។ ប្រសិនបើ​កសិករ​គ្រប់គ្នា​បាន​អនុវត្តន៍​បច្ចេកទេស​នេះ ពិតជា​ជួយ​លើក​កំពស់​ជីវភាព​គ្រួសារ​បាន​មួយកំរិត ។ ទៅ​ថ្ងៃមុខ គាត់​នឹង​ខិតខំ​អនុវត្ត​បច្ចេកទេស នេះ​ឲ្យបាន​គ្រប់​ចំណុច ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ជាង​នេះ ៕
you can contact number phone Tell; 012 80 72 72

No comments: