ខណៈប្រមុខរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ បានជំរុញ និងពន្លឿនការធ្វើអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារជូនប្រជាពលរដ្ឋ ហើយសម្រុកចុះធ្វើ និងចែកទាំងយប់ទាំងថ្ងៃ ដើម្បី ឲ្យប្រជាពលរដ្ឋ យកទៅប្រើប្រាស់សម្រាប់ចុះឈ្មោះបោះឆ្នោត នៅស្រុកកោះធំ ខេត្តកណ្តាលឯនោះវិញ អាជ្ញាធរមូលដ្ឋាន បានសម្រេចដកហូតទុកជាបណ្តោះអាសន្ន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ចំនួន ៤៩ច្បាប់ ព្រោះសង្ស័យឈ្មោះទាំងនោះមិនមាន សញ្ជាតិច្បាស់លាស់។
អធិការស្រុកកោះធំ លោក ឈឿន ប៊ុនឆន បានថ្លែងប្រាប់វិទ្យុបារំាងអន្តរជាតិ នៅថ្ងៃពុធនេះថា សមត្ថកិច្ចនគរបាលស្រុកកោះធំ បានដកហូតទុកជាបណ្តោះអាសន្ន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី ចំនួន ៤៩ច្បាប់ បន្ទាប់ពីអ្នកជំនាញបានសន្និដ្ឋានថា ឈ្មោះក្នុងអត្តសញ្ញាណបណ្ណមិនមែនជាជនជាតិខ្មែរពិតប្រាកដ។ លោកបានបន្ថែមថា សមត្ថកិច្ចនឹងជំរុញពន្លឿនការអង្កេតស្រាវជ្រាវអោយឆាប់ចប់ជាស្ថាពរ មុនពេលសម្រេចប្រគល់អត្តសញ្ញាណបណ្ណអោយទៅពលរដ្ឋយកទៅប្រើប្រាស់វិញ។ អធិការនៃអធិការដ្ឋាននគរបាលស្រុកកោះធំ នៅថ្ងៃទី ៧ កញ្ញានេះ បានធ្វើរបាយការណ៍សរុបមួយ ផ្ញើជូនស្នងការនគរបាលខេត្តកណ្តាល ដើម្បីសម្រេច។
លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានសម្តែងការគាំទ្រចំពោះស្មារតីអនុវត្តច្បាប់អន្តោប្រវេសន៍ របស់នគរបាលស្រុកកោះធំ តែលោកស្នើអោយអាជ្ញាធរបន្តស្រាវជ្រាវរកមុខអ្នកចេញអត្តសញ្ញាណបណ្ណដោយខុសច្បាប់នោះបន្ថែមទៀត។ លោក អេង ឆៃអ៊ាង លើកឡើងថា អំឡុងពេលចុះឈ្មោះបោះឆ្នោតនេះ មានភាពមិនប្រក្រតីជាច្រើន រួមទាំងមានជនបរទេស អាចចុះឈ្មោះបោះឆ្នោតបាន ដោយសារមានអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរផងដែរ។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាថ្លែងថា ការចេញលិខិតអត្រានុកូលដ្ឋាន ជាដើមចមនៃភាពមិនប្រក្រតីក្នុងការធ្វើអត្តញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រោះមន្រ្តីអត្តសញ្ញាណកម្ម គ្រាន់តែផ្ទៀងផ្ទាត់ឯកសារ សំបុត្រកំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ដើម្បីចុះឈ្មោះផ្តល់អត្តសញ្ញាណបណ្ណ ដោយមិនបានពិនិត្យសំនៀងភាសាខ្មែរឡើយ។ លោកបានបន្ថែមថា ករណីនេះ ចាំបាច់ត្រូវតែមានការសើបអង្កេតអោយបានម៉ត់ចត់តាមនីតិវិធី ដោយផ្តើមចេញពីការពិនិត្យជាប្រព័ន្ធទៅលើឃុំសង្កាត់ ដែលពលរដ្ឋទទួលបានលិខិតអត្រានុកូលដ្ឋាន ប្រវត្តិគ្រួសារ និងសំនៀងភាសាខ្មែរជាដើម។
គួរជម្រាបថា តាមផែនការរបស់ក្រសួងមហាផ្ទៃ ពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ អាចមកចុះឈ្មោះធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគម្រូថ្មីបាន មានចំនួនប្រមាណជាង ១០លាន៩សែននាក់ ខណៈពលរដ្ឋខ្មែរ អាយុចាប់ពី ១៨ឆ្នាំ មានប្រមាណ ៩លាន៦សែននាក់ តែការចេញអត្តសញ្ញាណបណ្ណមកទល់នឹងចុងខែសីហា ២០១៦ពេលនេះ ក្រសួងមហាផ្ទៃ បានបោះពុម្ពត្រឹមតែជាង ៨លាន៩សែនសន្លឹកប៉ុណ្ណោះ។ អត្តសញ្ញាណបណ្ណ ត្រូវបានពលរដ្ឋខ្មែរ យកទៅប្រើប្រាស់ដើម្បីបញ្ជាក់ពីសញ្ជាតិខ្មែរ ជាឯកសារគតិយុត្តិសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងយកទៅបោះឆ្នោត